Translate

Total Pageviews

ខេមកសេដ្ឋីបុត្រ

រឿង ខេមកសេដ្ឋីបុត្រ 

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសេដ្ឋីបុត្រម្នាក់ ឈ្មោះខេមកៈ ជាចៅរបស់ឣនាថបិណ្ឌិកសេដ្ឋី។ ខេមកៈនេះ ជាឣ្នកមានរូបសម្បត្តិ មុខមាត់ស្រស់ស្អាតល្អ គួរជាទីពេញចិត្តដល់ឣ្នកផង។ ស្រី ណាឃើញហើយ ស្រីនោះ កើតមានសេចក្តីស្រឡាញ់ខេមកៈនោះភ្លាម។ ខេមកៈ សេដ្ឋីបុត្រ បានប្រព្រឹត្តខុសព្រពៃណីនឹងស្ត្រីៗ ជារឿយៗ។ សេដ្ឋី ជាបិតា បាននាំខេមកៈនោះ ទៅគាល់ព្រះសាស្តា ដើម្បីឲ្យព្រះឣង្គ ជួយឣប់រំទូន្មានប្រៀនប្រដៅ កុំឲ្យប្រព្រឹត្តកាមេសុមិច្ឆាចារៈ ជាបន្តទៅទៀត។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា៖

ចត្តារិ ឋានានិ នរោ បមត្តោ
ឣាបជ្ជតី បរទារូបសេវី។
ឣបុញ្ញលាភំ ន និកាមសេយ្យំ
និន្ទំ តតិយំ និរយំ ចតុត្ថំ។
ឣបុញ្ញលាភោ ច គតី ច បាបិកា
ភិតស្ស ភីតាយ រតី ច ថោកិកា
រាជា ច ទណ្ឌំ គរុកំ បណេតិ
តស្មា នរោ បរទារំ ន សេវេ។

នរជន ឣ្នកប្រមាទហើយ សេពនូវប្រពន្ធ របស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្តីទុក្ខ ៤ យ៉ាង គឺ ទី១ បានរបស់ដែលមិនមែនជាបុណ្យ ទី២ ដេកមិនបានតាមសេចក្តីប្រាថ្នា ទី៣ ការតិះដៀល ទី៤ ការធ្លាក់រនក។ ‘ហេតុនៃសេចក្តីទុក្ខ ៤ យ៉ាងទៀត’ គឺ បានរបស់ដែលមិនមែនជាបុណ្យ ១, មានគតិឣាក្រក់ ១, សេចក្តីតម្រេករបស់បុរសឣ្នកខ្លាច ជាមួយនឹងស្ត្រីដែលខ្លាចដែរ មានប្រមាណតិច ១ ព្រះរាជា នឹងដាក់ឣាជ្ញាយ៉ាងធ្ងន់ ១ ព្រោះហេតុនោះ បុរស មិនគួរសេពប្រពន្ធ របស់បុគ្គលដទៃឡើយ។