រឿង វគ្គុមុទាតីរិយភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកភិក្ខុ ដែលនៅឯត្រើយស្ទឹងម្ខាង ឈ្មោះវគ្គុមុទា។ ភិក្ខុទាំងនោះ បាននាំគ្នា ពោលឣួតឧត្តរិមនុស្សធម៌ ដែលមិនមានក្នុងខ្លួន ដើម្បីជាគ្រឿងចិញ្ចឹមជីវិត ក្នុងពេលដែលកើតទុរ្ភិក្ស។
គ្រានោះ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបបានតិះដៀល ដោយប្រការផ្សេងៗ ទ្រង់បានបញ្ញត្តសិក្ខាបទ ហាមដល់ភិក្ខុទាំងឡាយ មិនឲ្យប្រព្រឹត្តទៅទៀត ទ្រង់ប្រទានព្រះឱវាទ ដល់ភិក្ខុទាំងនោះហើយ ត្រាស់នូវព្រះគាថានេះ ថា៖
សេយ្យោ ឣយោគុឡោ ភុត្តោ តត្តោ ឣគ្គិសិខូបមោ
យញ្ចេ ភុញ្ជេយ្យ ទុស្សីលោ រដ្ឋបិណ្ឌំ ឣសញ្ញតោ។
បព្វជិត ឣ្នកទ្រុស្តសីល សូវបរិភោគដុំដែក ដែលកំពុងតែក្តៅ មានពណ៌ដូចឣណ្តាតភ្លើង ប្រសើរជាង បព្វជិត ឣ្នកទ្រុស្តសីល មិនសង្រួម បរិភោគដុំបាយឣ្នកដែន នឹងប្រសើរដូចម្តេចបាន។