Translate

Total Pageviews

គាថាធម្មបទ៖ ពាលវគ្គ

 ៥. ពាលវគ្គ


៦០.                     ទីឃា ជាគរតោ រត្តិទីឃំ សន្តស្ស យោជនំ;
ទីឃោ ពាលានំ សំសារោសទ្ធម្មំ អវិជានតំ។
រាត្រីវែងចំពោះតែអ្នកភ្ញាក់រឮក(អ្នកដែលមិនលក់)យោជន៍វែងចំពោះតែអ្នកនឿយហត់សង្សារវដ្ដវែងចំពោះតែបុគ្គលពាលមិនដឹងច្បាស់នូវព្រះសទ្ធម្ម។

៦១.                     ចរញ្ចេ នាធិគច្ឆេយ្យសេយ្យំ សទិសមត្តនោ;
ឯកចរិយំ ទឡ្ហំ កយិរានត្ថិ ពាលេ សហាយតា។
បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួនឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯងឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថាសហា តាគុណមិនមានក្នុងបុគ្គលពាលឡើយ។

៦២.                    បុត្តា មត្ថិ ធនមត្ថិ ,ឥតិ ពាលោ វិហញ្ញតិ;
អត្តា ហិ អត្តនោ នត្ថិកុតោ បុត្តា កុតោ ធនំ។
ជនពាលតែងព្រួយលំបាកដោយសេចក្ដីសំគាល់ថា កូនទាំងឡាយរបស់អញមាន ទ្រព្យរបស់អញមាន តាមដែលពិតសូម្បីខ្លួនរបស់ខ្លួនក៏មិនមាន ចំណង់បើកូនទាំងឡាយនឹងរាប់ថាមានអំពីណាបាន ទ្រព្យនឹងរាប់ថាមានអំពីណាបាន។


៦៣.                    យោ ពាលោ មញ្ញតិ ពាល្យំបណ្ឌិតោ វាបិ តេន សោ;
ពាលោ ច បណ្ឌិតមានីស វេ ‘‘ពាលោ’’តិ វុច្ចតិ។
អ្នកណាជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះ ម្យ៉ាងទៀត អ្នកណាជាមនុស្សពាល មានសេចក្ដីប្រកាន់ថាខ្លួនជាបណ្ឌិត អ្នកនោះឈ្មោះថាជាមនុស្សពាល ដោយពិត។

៦៤.                     យាវជីវម្បិ ចេ ពាលោបណ្ឌិតំ បយិរុបាសតិ;
ន សោ ធម្មំ វិជានាតិទព្វី សូបរសំ យថា។
មនុស្សពាល បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីអស់មួយជីវិតក៏ឥតមានដឹងរសធម៌អ្វីឲ្យច្បាស់លាស់ឡើយ ដូចវែកដែលមិនដឹងរសសម្ល។

៦៥.                     មុហុត្តមបិ ចេ វិញ្ញូបណ្ឌិតំ បយិរុបាសតិ;
ខិប្បំ ធម្មំ វិជានាតិជិវ្ហា សូបរសំ យថា។
វិញ្ញូជនបើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីតែមួយរំពេច រមែងយល់រសធម៌ ដោយឆាប់រហ័ស ដូចអណ្ដាចដឹងនូវរសសម្ល។

៦៦.                     ចរន្តិ ពាលា ទុម្មេធាអមិត្តេនេវ អត្តនា;
ករោន្តា បាបកំ កម្មំយំ ហោតិ កដុកប្ផលំ។
ពួកជនពាលមិនមានប្រាជ្ញា មានខ្លូនដូចជាសត្រូវ តែងធ្វើកម្មលាមកដែលជាអំពើមាន​​ផលក្ដៅក្រហាយ។
៦៧.                     តំ កម្មំ កតំ សាធុយំ កត្វា អនុតប្បតិ;
យស្ស អស្សុមុខោ រោទំវិបាកំ បដិសេវតិ។
បុគ្គលធ្វើកម្មណាហើយ រមែងក្ដៅក្រហាយ ឬមានមុខប្រឡាក់ដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះ ឈ្មោះថាជាកម្មមិនល្អឡើយ។

៦៨.                     តញ្ច កម្មំ កតំ សាធុយំ កត្វា នានុតប្បតិ;
យស្ស បតីតោ សុមនោវិបាកំ បដិសេវតិ។
បុគ្គលធ្វើកម្មណាហើយ រមែងមិនក្ដៅក្រហាយ ឬដល់នូវសេចក្ដីពេញចិត្តមានចិត្តល្អ ទទូលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះឯង ឈ្មោះថាជាកម្មល្អ។

៦៩.                     មធុវា មញ្ញតិ ពាលោយាវ បាបំ ន បច្ចតិ;
យទា ច បច្ចតិ បាបំពាលោ ទុក្ខំ និគច្ឆតិ។
បាមិនទាន់ឲ្យផលត្រឹមណា ជនពាល តែងសំគាល់នូវបាបនោះថាដូចទឹកឃ្មុំ លុះតែកាលណាបាបឲ្យផល​ ជនពាលទើបប្រទះនូវសេចក្ដីទុក្ខ ក្នុងកាលនោះ។

៧០.                    មាសេ មាសេ កុសគ្គេនពាលោ ភុញ្ជេថ ភោជនំ;
ន សោ សង្ខាតធម្មានំកលំ អគ្ឃតិ សោឡសិំ។
ជនពាលទុកជាបរិភោគភោជនដោយចុងស្បូវរាល់  ខែ ជនពាលនោះក៏មិនដល់មួយចំណិតនៃចំណែកទី ១៦  លើករបស់បុគ្គលទាំងឡាយ ដែលមានធម៌បានដឹង ឬបានពិចារណាហើយឡើយ។

៧១.                    ន ហិ បាបំ កតំ កម្មំសជ្ជុ ខីរំវ មុច្ចតិ;
ឌហន្តំ ពាលមន្វេតិភស្មាឆន្នោវ បាវកោ។
កម្មលាមកដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏មាន ដូចទឹកដោះស្រស់ ដែលមិនទាន់ប្រែក្លាយដូច្នោះ បាបកម្មនោះតាមដុតបុគ្គលពាល ដូចរងើកភ្លើងដែលបិទបាំងទុកដោយផេះដូច្នោះ។

៧២.                    យាវទេវ អនត្ថាយញត្តំ ពាលស្ស ជាយតិ;
ហន្តិ ពាលស្ស សុក្កំសំមុទ្ធំ អស្ស វិបាតយំ។
ការចេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្ដីវិនាសប៉ុណ្ណោះ រមែងញ៉ាំងបញ្ញាឲ្យធ្លាក់ចុះ បំផ្លេចបំផ្លាញចំណែកធម៌សគឺកុសលរបស់បុគ្គលពាលនោះ។

៧៣.                   អសន្តំ ភាវនមិច្ឆេយ្យបុរេក្ខារញ្ច ភិក្ខុសុ;
អាវាសេស ច ឥស្សរិយំបូជា បរកុលេសុ ច។
ភិក្ខុពាល រមែងប្រាថ្នានូវសេចក្ដីសរសើរ ដែលមិនមានក្នុងខ្លួនផងនូវការធ្វើក្នុងខាងមុខគឺជាប្រមុក្នុងពួកភិក្ខុផង នូវភាពជាឥស្សរៈ ក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយ ក្នុងត្រកូលនៃជនទាំងឡាយដទៃផង។

៧៤.                    មមេវ កត មញ្ញន្តុគិហីបព្ពជិតា ឧភោ;
មមេវាតិវសា អស្សុកិច្ចាកិច្ចេសុ កិស្មិចិ;
ឥតិ ពាលស្ស សង្កប្បោឥច្ឆា មានោ ច វឌ្ឍតិ។
ភិក្ខុពាល តែងមានសេចក្ដីត្រិះរិះថា គ្រហស្ថនឹងបព្វជិត ទាំង  ពួក ចូរសំគាល់នូវកិច្ច​​ដែលមនុស្សដទៃធ្វើហើយថាជាកិច្ចរបស់អញវិញ អំណាចដ៏ក្រៃលែងរបស់អញ ចូរមានក្នុងកិច្ចតូច ធំ ណា  មួយ ឬស្យា នឹងមានះរមែងចំរើន។

៧៥.                    អញ្ញា ហិ លាភូបនិសាអញ្ញា និព្ពានគាមិនី;
ឯវមេតំ អភិញ្ញាយភិក្ខុ ពុទ្ធស្ស សាវកោ;
សក្ការំ នាភិនន្ទេយ្យវិវេកមនុព្រូហយេ។
បដិបទា អាស្រ័យនូវលាភផ្សេង បដិបទាជាដំណើរទៅកាន់ព្រះនិព្វានផ្សេង ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធ ដឹងច្បាស់នូវហេតុនុះយ៉ាងនេះហើយ មិនគួរត្រេកអរ ចំពោះសក្ការៈឡើយ គប្បីញ៉ាំងវិវេកឲ្យបំរើដោយលំដាប់។