Translate

Total Pageviews

នាងឈ្មោះ សុន្ទរី


រឿង នាងសុន្ទរី ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុន្ទរីបរិព្វាជិកា ។ នាងបានរួមគំនិតជាមួយនឹងពួកតិរ្ថិយ ដើម្បីនឹងធ្វើឧបាយកល ដូចជាខ្លួននាងបាននៅ ក្នុងកុដិ ជាមួយនឹងព្រះសាស្តា ក្នុងរាត្រីស្ងាត់ បានធ្វើ ឲ្យពួកប្រជាជន មានសេចក្តីសង្ស័យ ហើយពោលតិះដៀលព្រះឣង្គដោយប្រការផ្សេងៗ ។ ពូកឣញ្ញតិរ្ថិយ មានគោលបំណង ចង់នឹងបង្កើតរឿងរ៉ាវ ឲ្យធំជាងនេះទៅទៀត ទើបបានជួលពួកឣ្នកប្រម៉ឹក ឲ្យទៅសម្លាប់នូវនាងសុន្ទរីនោះចោលហើយ បានឲ្យគេយកសពនាងទៅកប់ទុក ជិតព្រះគន្ធកុដិ របស់ព្រះសាស្តា ស្រេចហើយ ពួកឣញ្ញតិរ្ថិយទាំងនោះ បានធ្វើបន្លំ ដូចជាដើររកសពខ្មោចនាងសុន្ទរី លុះបានឃើញហើយ បានចោទព្រះសាស្តា ថា “ព្រះឣង្គ បានសម្លាប់នាងសុន្ទរីចោល ដើម្បីកុំឲ្យបែកការណ៍” ។ ព្រះរាជា ក្រុងសាវត្ថី ទ្រង់បានស៊ើបឣង្កិតរករឿងពិត លុះទ្រង់ជ្រាបច្បាស់ហើយ ទើបទ្រង់ដាក់ទោស ដល់ពួកតិរ្ថិយទាំងនោះ ទៅតាមទោសានុទោស របស់ខ្លួន ។ ភិក្ខុទាំងឡាយ បានយករឿងនោះទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖ ឣភូតវាទី និរយំ ឧបេតិ យោ វាបិ កត្វា ន ករោមិច្ចាហ ឧភោបិ តេ បេច្ច សមា ភវន្តិ និហីនកម្មា មនុជា បរត្ថ ។ បុគ្គល ពោលពាក្យមិនពិត រមែងទៅកាន់នរក ឬ បុគ្គលណា (ធ្វើឣំពើឣាក្រក់) ហើយនិយាយថា ឣញមិនធ្វើទេ (បុគ្គលនោះ) ក៏ទៅកាន់នរក ដូចគ្នាដែរ បុគ្គល ទាំងពីរនាក់ ដែលមានឣំពើ ដ៏ទាប ថោក (ស្មើគ្នានោះ) រមែងជាឣ្នកស្មើគ្នា (ដោយគតិ) ក្នុងលោកខាងមុខទៀត។