Skip to main content

គាថាសីលវត្ថេរ

ទ្វាទសកនិបាតេ នៅក្នុងគម្ពីរខុទ្ទកនិកាយ ទ្វាទសកនិបាត មានសម្តែងអំពីគាថា (ចំនួន ១២) របស់ ព្រះសីលវត្ថេរដ៏មានអាយុ មានពាក្យជាដើមថា សីលមេវ ដូច្នេះ ។ តើព្រះគាថាទាំងនោះ កើតដោយរបៀបណា?

ពណ៌នាគាថាសីលវត្ថេរ

ព្រះសីលវត្ថេរអង្គនេះ មានបុញ្ញាធិការធ្វើហើយក្នុងសម័យកាលព្រះពុទ្ធមុន ៗ ហើយបានសន្សំនូវកុសល ដែលជាឧបនិស្ស័យដើម្បីរលាស់ចោលនូវវដ្តសង្សារក្នុងភពនោះៗ ។ ហើយនៅក្នុងពុទ្ធុប្បាទ (សម័យព្រះពុទ្ធយើង) នេះ បានប្រសូតនៅក្នុងក្រុងរាជគ្រឹះ ជាព្រះរាជបុត្ររបស់ព្រះបាទពិម្ពិសារ មាននាមថា សីលវាតិស្ស ។ គ្រាកាល ដែលព្រះរាជកុមារអង្គនោះ ចម្រើនវ័យវឌ្ឍនាការ (ធំពេញវ័យ) ហើយ ព្រះបាទអជាតសត្រូវ ក៏មានប្រាថ្នានឹងធ្វើ គុត (សម្លាប់) ក៏បានឲ្យព្រះរាជកុមារឡើងជិះលើដំរីចុះប្រេងដ៏កាចសាហាវ (និង) សូម្បីព្យាយាមដោយឧបាយផ្សេង ៗ ក៏នៅតែមិនអាចសម្លាប់បានឡើយ ព្រោះថា ជាតិនេះ គឺជាជាតិចុងក្រោយរបស់រាជកុមារដែលនឹងត្រូវបានជាព្រះ អរហន្ត មិនអាចមានអន្តរាយដល់ជីវិតបានទេ បើមិនទាន់បានត្រាស់ ។ ព្រះដ៏មានព្រះភាគទ្រង់បានជ្រាបនូវដំណឹង នោះ ក៏បានទ្រង់បញ្ជូនព្រះមហាមោគ្គល្លានត្ថេរ ឲ្យទៅនាំព្រះសីលវកុមារមក ។ ព្រះថេរៈក៏បាននិមន្តទៅនាំសីលវ កុមារនោះមកទាំងដំរីដោយកម្លាំងនៃឫទ្ធិ ។ ព្រះរាជកុមារបានយាងចុះពីលើខ្នងដំរីថ្វាយបង្គំព្រះមានព្រះភាគ ហើយ ក៏បានគង់ (អង្គុយ) ក្នុងទីដ៏សមគួរមួយ។ ព្រះភគវាក៏បានត្រាស់ធម្មទេសនាតាមគាប់អធ្យាស្រ័យរបស់កុមារនោះ ។ ពេលដែលបានស្តាប់ព្រះធម៌ ក៏មានសទ្ធាជ្រះថ្លា បានបួស រួចចម្រើនវិបស្សនាកម្មដ្ឋាន ក៏បានលុះនូវអរហត្តផល ដោយពេលវេលាមិនយូរប៉ុន្មានឡើយ ហើយបានគង់អាស្រ័យនៅក្នុងដែនកោសល ។ គ្រានោះ ព្រះបាទអជាត-សត្រូវបានដឹងដំណឹងនោះ ក៏ដាក់ព្រះរាជបញ្ជាឲ្យរាជបុរសទាំងឡាយទៅសម្លាប់ព្រះថេរៈទៀត ។ ពួករាជបុរសទាំង នោះបានទៅរកលោក រួចបានឈរស្តាប់នូវធម្មកថាដែលព្រះថេរៈសម្តែងប្រាប់ កើតក្តីសង្វេគស្ញប់ស្ញែង ក៏មានចិត្ត ជ្រះថ្លាបានបួសអស់ទៅ ។ ព្រះថេរៈបានសម្តែងនូវព្រះធម៌ប្រោសអ្នកទាំងនោះ ដោយគាថាដូចតទៅនេះ គឺ ៖

១. សីលមេវិធ សិក្ខេថ អស្មឹ លោកេ សុសិក្ខិតំ

សីលញ្ហិ សព្វសម្បត្តឹ ឧបនាមេតិ សេវិតំ ។

បុគ្គលគប្បីរក្សានូវសីល ឲ្យជាសីលដែលខ្លួនសិក្សាល្អហើយ ក្នុងលោកនេះ

ព្រោះថា សីលដែលបុគ្គល សេពហើយ រមែងបង្អោនមកនូវសម្បត្តិទាំងពួង ។


២. សីលំ រក្ខេយ្យ មេធាវី បត្ថយានោ តយោ សុខេ

បសំសំ វិត្តិលាភញ្ច បេច្ច សគ្គេ បមោទនំ ។

ជនអ្នកមានប្រាជ្ញា កាលចង់បាននូវសេចក្តីសុខ ៣ យ៉ាង គឺសេចក្តីសរសើរ ១ ការបាននូវសេចក្តី

ត្រេកអរ ១ ការលះលោកនេះទៅហើយ រីករាយក្នុងឋានសួគ៌ ១ គប្បីរក្សានូវសីល ។


៣. សីលវា ហិ ពហូ មិត្តេ សញ្ញមេនាធិគច្ឆតិ

ទុស្សីលោ បន មិត្តេហិ ធំសតេ បាបមាចរំ ។

ពិតណាស់ បុគ្គលអ្នកមានសីលរមែងបាននូវមិត្តទាំងឡាយច្រើន ដោយការសង្រួម

ចំណែកបុគ្គលទ្រុស្តសីល កាលប្រព្រឹត្តអាក្រក់ រមែងឃ្លាតចាកមិត្តទាំងឡាយ ។


៤. អវណ្ណញ្ច អកិត្តិញ្ច ទុស្សីលោ លភតេ នរោ

វណ្ណំ កិត្តឹ បសំសញ្ច សទា លភតិ សីលវា ។

ជនទ្រុស្តសីលរមែងបាននូវទោសផង នូវដំណេះដំនៀលផង ឯជនអ្នកមានសីល

រមែងបាននូវគុណផង នូវកិត្តិសព្ទផង នូវសេចក្តីសរសើរផង សព្វ ៗ កាល ។


៥. អាទិ សីលំ បតិដ្ឋា ច កល្យាណានញ្ច មាតុកំ

បមុខំ សព្វធម្មានំ តស្មា សីលំ វិសោធយេ ។

សីលជាខាងដើម ជាទីតាំង ជាមេនៃកល្យាណធម៌ និងជាប្រធាន

នៃធម៌ទាំងពួង ព្រោះហេតុនោះ បុគ្គលគប្បីជម្រះនូវសីល ។


៦. វេលា ច សំវរំ សីលំ ចិត្តស្ស អភិហាសនំ

តិត្ថញ្ច សព្វពុទ្ធានំ តស្មា សីលំ វិសោធយេ ។

សីលជាច្រាំង ជាទំនប់ ជាគ្រឿងញ៉ាំងចិត្តឲ្យរីករាយ ទាំងជាកំពង់

នៃព្រះពុទ្ធគ្រប់ព្រះអង្គ ព្រោះហេតុនោះ បុគ្គលគប្បីជម្រះនូវសីល ។


៧. សីលំ ពលំ អប្បដិមំ សីលំ អាវុធមុត្តមំ

សីលំ អាភរណំ សេដ្ឋំ សីលំ កវចមព្ភុតំ ។

សីលជាកំឡាំងរកអ្វីប្រៀបផ្ទឹមមិនបាន សីលជាអាវុធដ៏ឧត្តម សីល

ជាគ្រឿងអាភរណៈដ៏ប្រសើរ សីលជាគ្រឿងក្រោះយ៉ាងអស្ចារ្យ ។


៨. សីលំ សេតុ មហេសក្ខោ សីលំ គន្ធោ អនុត្តរោ

សីលំ វិលេបនំ សេដ្ឋំ យេន វាតិ ទិសោទិសំ ។

សីលជាស្ពានមានសក្តិធំ សីលជាគ្រឿងក្រអូបដ៏ប្រសើរ

សីលជាគ្រឿងលាបដ៏ប្រសើរ តែងបក់ទៅ សព្វ ៗ ទិស ។


៩. សីលំ សម្ពលមេវគ្គំ សីលំ បាថេយ្យមុត្តមំ

សីលំ សេដ្ឋោ អតិវាហោ យេន យាតិ ទិសោទិសំ ។

សីលជាកញ្ចប់បាយដ៏ប្រសើរ សីលជាស្បៀងដ៏ឧត្តម

សីលជាវាហនៈដ៏ប្រសើរ សម្រាប់ទៅកាន់ទិសទាំងពួង ។


១០. ឥធេវ និន្ទំ លភតិ បេច្ចាបាយេ ច ទុម្មនោ

សព្វត្ថ ទុម្មនោ ពាលោ សីលេសុ អសមាហិតោ ។

បុគ្គលពាល មានចិត្តអាក្រក់ក្នុងទីទាំងពួង មិនតាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវសេចក្តីនិន្ទា

ក្នុងលោកនេះផង លុះលះលោកនេះទៅហើយ រមែងមានចិត្តជាទុក្ខក្នុងអបាយផង ។


១១. ឥធេវ កិត្តឹ លភតិ បេច្ច សគ្គេ ច សុមនោ

សព្វត្ថ សុមនោ ធីរោ សីលេសុ សុសមាហិតោ ។

អ្នកបា្រជ្ញ មានចិត្តល្អ ក្នុងទីទាំងពួង តាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវកិត្តិសព្ទ

ក្នុងលោកនេះផង លុះលះលោកនេះទៅ រមែងមានចិត្តរីករាយក្នុងឋានសួគ៌ផង ។


១២. សីលមេវ ឥធ អគ្គំ បញ្ញវា បន ឧត្តមោ

មនុស្សេសុ ច ទេវេសុ សីលបញ្ញាណតោ ជយន្តិ ។

សីលជាកំពូលក្នុងលោកនេះ ចំណែកបុគ្គលមានប្រាជ្ញាក៏ឧត្តមដែរ

ជ័យជំនះក្នុងមនុស្សលោក និងទេវលោក ព្រោះសីលនិងបញ្ញា ។


ព្រះអដ្ឋកថា

បណ្តាព្រះគាថាទាំងនោះ ក្នុងបាទនៃព្រះគាថាដំបូងគឺ សីលមេវិធ សិក្ខេថ អស្មឹ លោកេ នេះ បទថា ឥធ គ្រាន់តែជានិបាត ប៉ុណ្ណោះ បានសេចក្តីថា កុលបុត្រអ្នកប្រាថា្ននូវប្រយោជន៍ក្នុងលោកទាំង ៧ នេះ គប្បីផ្តើមសិក្សា នូវសីលមានចារិត្តសីល និង វារិត្តសីលជាដើមនេះឯងជាប្រភេទផង ហើយកាលសិក្សា គប្បីសិក្សានូវសីលនោះ ដោយប្រពៃ សិក្សាដោយល្អដោយភាវៈជាសីលមិនដាច់ជាដើម និងធ្វើឲ្យបរិសុទ្ធល្អ បរិបូណ៌ពេញលេញផង ។ ម្យ៉ាងទៀត ពីរបទថា អស្មឹ លោកេ សេចក្តីថា គប្បីផ្តើមសិក្សានូវសីលក្នុងពួកធម៌ដែលគួរសិក្សាទាំងឡាយ ក្នុង សង្ខារលោកនេះ ។ បទថា សីលញ្ហិ ជាដើម គឺពោលដោយភាពជាសីលដែលតម្កល់ល្អ សូម្បីដោយទិដ្ឋិសម្បត្តិ ។ ជំនុំបទទាំងនោះ ពាក្យថា ហិ ជាពាក្យប្រាប់ហេតុ (ប្រែថា ព្រោះថា) ។ សីលដែលបុគ្គលសេពហើយ ធ្វើឲ្យថ្នឹក ហើយ បានរក្សាហើយ ដោយប្រការណា សីលនោះ រមែងបង្អោន គឺនាំមកនូវសម្បត្តិទាំងពួង ដល់សត្វដែលកើត ក្នុងលោកទាំង ៧ នោះយ៉ាងពេញលេញបរិបូណ៌ ជាសម្បត្តិមនុស្ស សម្បត្តិទេវតា ឬសម្បត្តិព្រះនិព្វាននុ៎ះឯង ។

ន័យដែលទ្រង់សម្តែងដោយសង្ខេបថា សីលំ សព្វសម្បត្តឹ ឧបនាមេតិ ដូច្នេះ កាលនឹងទ្រង់ត្រាស់ឲ្យពិស្តារ ទើបទ្រង់ត្រាស់បន្ថែមទៀតថា សីលំ រក្ខេយ្យ ជាដើម ។ បណ្តាបទទាំងនោះ បទថា រក្ខេយ្យ ប្រែថា គប្បីរក្សា ។ ក៏បុគ្គលកាលវៀរចាកការសម្លាប់សត្វជាដើមផង ញ៉ាំងវត្តបដិបត្តិតូចធំឲ្យពេញលេញផង ឈ្មោះថា រក្សានូវសីល នោះ ព្រោះបានគ្របសង្កត់នូវធម៌ដែលជាសត្រូវ ។ បទថា មេធាវី ប្រែថា អ្នកមានបញ្ញា បានដល់ ការដឹងឃើញនូវ ឧបាយជាគ្រឿងរក្សានូវសីលនោះនេះផង និងការរក្សាមិនឲ្យបែកធ្លាយនូវការសមាទាននូវសីលនោះ ដោយកម្លាំង នៃញាណ (បញ្ញា) ផង ។ បទថា បត្ថយានោ ប្រែថា កាលប្រាថ្នា ។ ពីរបទថា តយោ សុខេ ប្រែថា សេចក្តីសុខទាំង ឡាយ ៣ ប្រការ ។ ម្យ៉ាងទៀត សុខនិមិត្ត ឈ្មោះថា សេចក្តីសុខ ។ បទថា បសំសំ បានដល់ កិត្តិយស ឬសេចក្តី សរសើរនៃពួកវិញ្ញុជន ។ បទថា វិត្តិលាភំ បានដល់ លាភជាទីត្រេកអរ ។ ម្យ៉ាងទៀត លោកពោលថា វិត្តលាភំ (បានសេចក្តីត្រេកអរ) សេចក្តីថា បាននូវទ្រព្យធន (ជាទីត្រេកអរ) ។ ព្រោះថា អ្នកមានសីលរមែងបានប្រសប់នូវ គំនរនៃភោគទ្រព្យ ព្រោះតែខ្លួនមិនធ្វេសប្រហែស ។ បទថា បេច្ច ប្រែថា ធ្វើកាលកិរិយាហើយ ។ ពីរបទថា សគ្គេ បមោទនំ ត្រូវភ្ជាប់ដោយបទថា បត្ថយមានោ ដូច្នេះថា កាលប្រាថ្នាដោយកាមគុណទាំងឡាយជាទីប្រាថ្នា ក្នុងទេវលោក និងកាលប្រាថ្នានូវសេចក្តីរីករាយ ។ ត្រូវចងប្រយោគដូច្នេះ ឥធ លោកេ បសំសំ វិត្តិលាភំ បរលោកេ ទិព្វសម្បត្តិយា មោទនញ្ច ឥច្ឆន្តោ សីលំ រក្ខេយ្យ បុគ្គលកាលចង់បាននូវសេចក្តីសរសើរ និងលាភជាទី ត្រេកអរ ក្នុងលោកនេះផង នូវសេចក្តីរីករាយដោយសម្បត្តិដ៏ជាទិព្វក្នុងបរលោកផង គប្បីរក្សានូវសីល ។

បទថា សញ្ញមេន សេចក្តីថា ដោយការសង្រួមនូវកម្មទាំងឡាយមានកាយកម្មជាដើ់ម ។ ព្រោះថា បុគ្គល អ្នកមានសេចក្តីសង្រួម រមែងមិនបៀតបៀននូវបុគ្គលណាមួយ ដោយអំពើជាទុច្ចរិតទាំងឡាយ មានការប្រព្រឹត្ត អាក្រក់ដោយកាយ (កាយទុច្ចរិត) ជាដើម ហើយតែងឲ្យនូវអភ័យទាន ចងទាក់នូវមិត្រទាំងឡាយ ព្រោះជាបុគ្គល គួរជាទីស្រឡាញ់រាប់អាន (នៃមិត្រ) ។ បទថា ធំសតេ ប្រែថា រមែងព្រាត់ ឬឃ្លាត ។ ពីរបទថា បាបមាចរំ ប្រែថា កាលធ្វើនូវបាបកម្មមានការសម្លាប់សត្វជាដើម ។ ពិតណាស់ សត្វទាំងឡាយដែលប្រាថ្នានូវប្រយោជន៍ រមែងមិន គប់រកនូវបុគ្គលទ្រុស្តសីលឡើយ គឺថា ប្រយោជន៍ដទៃមាន បុគ្គលតែងវៀរបង់ (នូវអ្នកទ្រុស្តសីល)។

បទថា អវណ្ណំ ប្រែថា មិនមែនគុណ (ទោស) ឬថា ដំនៀលក្នុងទីចំពោះមុខ ។ បទថា អកិត្តឹ ប្រែថា មិនមែនយស បានដល់ ការតិះដៀល គឺមិនមានសេចក្តីសរសើរ ។ បទថា វណ្ណំ ប្រែថា គុណ ។ បទថា កិត្តឹ ប្រែថា សេចក្តីសរសើរ គឺ យសសក្តិដែលខ្ចរខ្ចាយទៅ ។ បទថា បសំសំ គឺសេចក្តីសរសើរក្នុងទីចំពោះមុខ ។

បទថា អាទិ ប្រែថា ឫសគល់ ឬខាងដើម ។ ព្រោះថា សីល គឺ ជាខាងដើមនៃកុសលធម៌ទាំងឡាយ ។ ដូចដែលព្រះដ៏មានព្រះភាគត្រាស់ទុក (ក្នុងអម្ពបាលិវគ្គ សតិប្បដ្ឋានសំយុត្ត) ថា តស្មាតិហ ត្វំ ភិក្ខុ អាទិមេវ វិសោធេហិ កុសលេសុ ធម្មេសុ ។ កោ ចាទិ កុសលានំ ធម្មានំ ។ សីលញ្ច សុវិសុទ្ធំ ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរជម្រះក្នុងកុសលទាំងឡាយជាខាងដើមបង្អស់សិនចុះ ។ ចុះអ្វីជាខាងដើមនៃកុសលធម៌ទាំងឡាយ ? គឺ សីលដ៏បរិសុទ្ធ ។ បទថា បតិដ្ឋា ប្រែថា ជាទីតាំង ។ ព្រោះថា សីល គឺ ជាទីតាំងនៃឧត្តរិមនុស្សធម៌ទាំងពួង ។ ដូចដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ទុក (ក្នុងទេវតា និង ព្រាហ្មណសំយុត្ត) ថា សីលេ បតិដ្ឋាយ ប្រែថា បានតាំងមាំ ក្នុងសីលហើយ ដូច្នេះជាដើម ។ ពីរបទថា កល្យាណានញ្ច មាតុកំ គឺជាមេ សេចក្តីថា ជាទីកើតនៃ កល្យាណធម៌ទាំងឡាយ មានសមថៈ និងវិបស្សនាជាដើម ។ ពីរបទថា បមុខំ សព្វធម្មានំ សេចក្តីថា ជាប្រមុខ ជាខាងមុខ គឺជាទ្វារចូលមកនៃពួកធម៌ដែលមិនមានទោសទាំងឡាយទាំងពួងមានបាមោជ្ជៈជាដើម ។ ពាក្យថា តស្មា សេចក្តីថា ជាអាទិភាព ព្រោះជាខាងដើម ។ បទថា វិសោធយេ សេចក្តីថា គប្បីសមាទានឲ្យប្រពៃដោយភាពជា សីលមិនដាច់ជាដើម ។

បទថា វេលា ប្រែថា ច្រាំង ដោយអត្ថថា ជាគ្រឿងរារាំង មិនឲ្យប្រព្រឹត្តកន្លងដោយទុច្ចរិតទាំងឡាយ សេចក្តីថា ជាសីមា ។ ម្យ៉ាងវិញទៀត ធម្មជាតិណា តែងទប់ គឺញ៉ាំងភាពទ្រុស្តសីលឲ្យឃ្លេងឃ្លោង គឺថា ឲ្យវិនាស ទៅ ធម្មជាតិនុ៎ះ ឈ្មោះថា វេលា ច្រាំង ។ ពីរបទថា សំវរំ សីលំ ដែលថា សីលជាទំនប់ ព្រោះសីលជាគ្រឿងបិទ នូវទ្វារដែលជាដែនកើតនៃទុច្ចរិតទាំងឡាយ មានកាយទុច្ចរិតជាដើម ។ បទថា អភិហាសនំ សេចក្តីថា ជាទីរីករាយ (នៃចិត្ត) ព្រោះសីលជាគុណជាតធ្វើឲ្យចិត្តរីករាយក្រៃលែង ដោយហេតុថា ជាចិត្តមិនមានវិប្បដិសារី (សេចក្តីក្តៅ ក្រហាយស្តាយក្រោយ) ។ ពីរបទថា តិត្ថញ្ច សព្វពុទ្ធានំ គឺ ជាកំពង់សម្រាប់បណ្តែតចោលនូវកិលេស និងមន្ទិល គ្រឿងសៅហ្មងទាំងឡាយផង សម្រាប់ជាក្រសែផ្លូវភ្ជាប់ទៅកាន់មហាសមុទ្រគឺព្រះនិព្វានផង នៃព្រះពុទ្ធទាំងឡាយ គ្រប់ព្រះអង្គ គឺ ព្រះសាវកពុទ្ធទាំងឡាយ ព្រះបច្ចេកពុទ្ធទាំងឡាយ និងព្រះសម្មាសម្ពុទ្ធទាំងឡាយ ។

បាទនៃគាថា ថា សីលំ ពលំ អប្បដិមំ សេចក្តីថា សីល ជាកម្លាំងគ្មានអ្វីប្រៀបបាន និងជាកម្លាំងទ័ពដ៏ខ្លាំង សម្រាប់ញាំញីនូវកងទ័ពនៃមារ ។ ពីរបទថា អាវុធមុត្តមំ សេចក្តីថា សីល ជាបហរណវត្ថុ (គ្រឿងប្រហារ) ដ៏មុត ស្រួចក្រៃលែងសម្រាប់កាត់ផ្តាច់នូវសង្កិលេសធម៌ (ធម៌ជាគ្រឿងសៅហ្មងព្រម)ទាំងឡាយ ។ សីលជាគ្រឿង អាភរណៈ ដោយសេចក្តីថា ជាគ្រឿងលម្អសរីរៈរាង្គកាយ ។ បទថា សេដ្ឋំ សេចក្តីថា ឧត្តម និងជាទិព្វសព្វ ៗ កាល។ សីលជាគ្រឿងក្រោះដ៏អស្ចារ្យ ព្រោះជាគ្រឿងការពារនូវជីវិតបាន ។ មួយវិញទៀត បាលីជា អព្ភិទំ សេចក្តីថា មិនបានបែកហើយ ឬមិនអាចបំបែកបាន, មិនអាចទំលាយបាន ។

(សីលជា) ស្ពាន ដោយសេចក្តីថា មិនចាក់ស្រេះដោយកិលេសទាំងឡាយ ក្នុងការឆ្លងកាត់នូវអន្លង់ធំ គឺ អបាយភូមិផង ឆ្លងកាត់នូវអន្លង់ធំ គឺ សង្សារវដ្តផង ។ បទថា មហេសក្ខោ គឺ មានកម្លាំងខ្លាំង ឬល្បឿនយ៉ាងលឿន ។ ពីរបទថា គន្ធោ អនុត្តរោ សេចក្តីថា សីល ជាគ្រឿងក្រអូបដ៏ប្រសើរ ព្រោះជាទីត្រេកអរនៃចិត្តរបស់ជនទាំងពួង ដែលអាចរសាត់ទៅក្នុងទិសទាំងពួង ទោះជាបញ្ច្រាសខ្យល់ក្តី ។ ព្រោះហេតុនោះ បានជាទ្រង់ត្រាស់ថា យេន វាតិ ទិសោទិសំ សេចក្តីថា តែងបក់ទៅកាន់ទិសតូចនិងទិសធំទួទៅដោយក្លិននៃសីលឯណា គឺថា តែងបក់ផ្សាយទៅ កាន់ទិសទាំងឡាយទាំងពួង ។ បាលីជា ទិសោទិសា ដូច្នេះក៏មាន ដោយសេចក្តីថា (ផ្សាយទៅកាន់) ទិសទាំង ១០ ។

ពីរបទថា សម្ពលមេវគ្គំ គឺ កញ្ចប់បាយ ឈ្មោះថា សម្ពលៈ (បាយម្ហូបដែលឆ្អិនស្រាប់) ។ បុរសដែលបាន ដាក់កញ្ចប់បាយ (ជាប់ខ្លួន) ដើរទៅកាន់ផ្លូវ (ឆ្ងាយ) តែងមិនលំបាកដោយសេចក្តីស្រេកឃ្លានតាមចន្លោះផ្លូវ មាន ឧបមាយ៉ាងណាមិញ សូម្បីបុគ្គលដែលបរិបូណ៌ដោយសីល កាន់យកនូវកញ្ចប់បាយគឺសីលដ៏បរិសុទ្ធ ដើរទៅកាន់ផ្លូវ ឆ្ងាយគឺសង្សារវដ្ត តែងមិនលំបាកត្រង់ទីដែលខ្លួនទៅដល់ហើយនោះ ៗ ក៏មានឧបមេយ្យយ៉ាងនោះដែរ ព្រោះហេតុ នោះ សីល ទើបបានឈ្មោះថា ជាកញ្ចប់បាយដ៏ប្រសើរ ។ ពិតដូច្នោះ សីលជាស្បៀងដ៏ប្រសើរ ព្រោះពួកជន អ្នកប្រាថា្ននូវការបៀតបៀនទាំងឡាយមានចោរជាដើម មិនអាចលួចបានផង ព្រោះជាឃ្លាំងសម្រាប់បើកទ្រព្យ សម្បត្តិដែលខ្លួនត្រូវការគ្រប់យ៉ាងក្នុងទីដែលទៅដល់ហើយនោះ ៗ ផង ។ រថ ដែលចម្លងនាំទៅកាន់ទីដៅនោះ ៗ ឬទីកន្លែងដែលចង់ទៅ គឺ ដាក់ពួកជនឲ្យដល់គោលដៅតាមប្រាថ្នាបាន ឈ្មោះថា អតិវាហៈ ប្រែថា វាហនៈដ៏ប្រសើរ បានដល់ យានជំនិះ ។ សីល ជាវាហនៈដ៏ប្រសើរ ព្រោះជាយានដែលមិនមានរអាក់រអួលដោយអន្តរាយណាមួយ ឡើយ ហើយអាចបរបានដល់ទីតាមសេចក្តីប្រាថ្នា ។ បទថា យេន គឺបរទៅដោយអតិវាហៈ (យាន) ឯណា ។ បទថា ទិសោទិសំ គឺ តែងដល់ទិសនោះ ៗ ទាំងនៅពាក់កណ្តាលផ្លូវ និងទីបំផុតនៃផ្លូវ (គោលដៅ) ដោយសេចក្តីសុខ តែម្យ៉ាង ។

បាទព្រះគាថា ថា ឥធេវ និន្ទំ លភតិ សេចក្តីថា មានចិត្តជាទុក្ខ ជាចិត្ត ដែលទោសមានរាគៈជាដើមប្រទូស្ត ហើយ តែងបាននូវការនិន្ទាតិះដៀលថា ជាបុគ្គលទ្រុស្តសីល មានធម៌ដ៏លាមក ទាំងដែលនៅក្នុងលោកនេះផង ។ សូម្បីក្នុងបរលោក ពេលដែលត្រូវស្លាប់ទៅហើយ ក៏រមែងបានពាក្យនិន្ទាក្នុងអបាយភូមិ ដោយពួកយមបុរស ជា ដើមផង ដោយហេតុថា ខ្លួនមានកំណើតដ៏អាក្រក់ ព្រោះកំហុសដែលបានធ្វើហើយក្នុងអត្តភាពជាមនុស្សជាដើម ។ បុគ្គលទ្រុស្តសីល រមែងបានពាក្យនិន្ទាតែម្យ៉ាងប៉ុណ្ណោះ ក៏នៅមិនទាន់គ្រប់គា្រន់ទេ តាមពិត ជាបុគ្គលមានចិត្ត អាក្រក់កើតទុក្ខ ពាលល្ងង់ខ្លៅក្នុងទីទាំងពួង ជាបុគ្គលមានចិត្តត្រូវទោសគឺការប្រព្រឹត្តទុច្ចរិតប្រទូស្តហើយ ក្នុង លោកនេះ ហើយរមែងជាបុគ្គលពាលល្ងង់ខ្លៅចិត្តអាក្រក់កើតទុក្ខក្នុងទីទាំងពួង ព្រោះនឹងបានប្រសប់នូវទុក្ខ ដោយ អំណាចនៃអំពើ (អាក្រក់) ជាដើម (ដែលខ្លួនបានធ្វើហើយ) ក្នុងបរលោកថែមទៀត ។ ដំណើរនុ៎ះ ព្រោះអ្វី ? ព្រោះមិនសមាទានដោយល្អក្នុងសីលទាំងឡាយ គឺថា មិនតម្កល់ចិត្ត មិនតាំងចិត្តស៊ប់នៅក្នុងសីលទាំងឡាយ ដោយប្រពៃត្រឹមត្រូវ ។

បាទព្រះគាថា ថា ឥធេវ កិត្តឹ លភតិ សេចក្តីថា អ្នកមានសីលរមែងជាអ្នកមានចិត្តល្អ តែងបាននូវកិត្តិសព្ទ ព្រោះលោកជាសប្បុរស មានសីល មានកល្យាណធម៌ ទាំងដែលនៅក្នុងលោកនេះនៅឡើយនោះឯង ។ កាល រំលាងខន្ធលះលោកនេះទៅហើយ រមែងបាននូវកិត្តិសព្ទនៅនាឋានសួគ៌ ឯបរលោកនោះទៀត ព្រោះមានពាក្យ ដែលពួកទេវតាពោលរាប់អានជាដើមថា លោកអ្នកមានសីលបានកើតហើយជាមួយនឹងពួកទេវតាទាំងឡាយ ព្រោះ បុគ្គលនេះ ជាសប្បុរស ជាអ្នកមានសីល មានកល្យាណធម៌ យ៉ាងនេះ ។

អ្នកមានសីលបានទទួលនូវកិត្តិសព្ទ តែប៉ុណ្ណឹង នៅមិនគ្រប់គ្រាន់នៅឡើយទេ ជាងនោះទៅទៀត លោកគឺជាអ្នកប្រាជ្ញមានបញ្ញា ដល់ព្រមដោយធិតិ គឺសេចក្តីព្យាយាម សមាទានដោយល្អប្រពៃ មានចិត្តមិនងាករេ គឺថា មានចិត្តតម្កល់នៅស៊ប់ល្អហើយ ក្នុងសីល ទាំងឡាយ រមែងបានកិត្តិសព្ទក្នុងទីទាំងពួង ទាំងដែលនៅក្នុងលោកនេះ ព្រោះការប្រព្រឹត្តដែលជាសុចរិត ហើយ រមែងមានចិត្តល្អ គឺមានចិត្តរីករាយ គឺថា បានដល់នូវភាពជាចិត្តសោមនស្សត្រេកអរក្រៃ ព្រោះបានចំពោះនូវសម្បត្តិ (ជាទិព្វ) ក្នុងបរលោក ។ បាទគាថា ថា សីលមេវ ឥធ អគ្គំ សេចក្តីថា សីលមានពីរយ៉ាង គឺ លោកិយសីល ១ លោកុត្តរសីល ១ ។ បណ្តាសីលទាំងពីរយ៉ាងនោះ (សីលដែលអ្នករក្សាប្រាថ្នានូវសម្បត្តិ) ក្នុងត្រកូលទាំងឡាយ មានត្រកូលខត្តិយមហាសាលជាដើម ក្នុងកាមលោកប៉ុណ្ណេះក្តី សីលនាំមកនូវកំណើតដ៏វិសេសក្នុងទេវលោក និងព្រហ្មលោកក្តី សីល ជាហេតុដើម្បីបាននូវភាពជាអ្នកមានលាភជាដើមក្តី (ប៉ុណ្ណេះ) ឈ្មោះថា លោកិយសីល ។ ចំណែកឯលោកុត្តរសីល គឺជាសីលដ៏ប្រសើរមែនពិត ព្រោះតែងឲ្យកន្លងបង់នូវវដ្តទុក្ខទាំងអស់ដោយពិតបា្រកដ ។ ពិតដូច្នោះ ព្រះសាស្តាបានត្រាស់ពាក្យនេះ (ទុកក្នុងអដ្ឋកនិបាត អាទិត្តកជាតក បញ្ជាក់កុលសម្បត្តិ) ថា៖

ហីនេន ព្រហ្មចរិយេន ខត្តិយេ ឧបបជ្ជតិ

មជ្ឈិមេន ច ទេវត្តំ ឧត្តមេន វិសុជ្ឈតិ

បុគ្គលចូលទៅកើតក្នុងពួកក្សត្រិយ៍ ដោយព្រហ្មចរិយធម៌ដ៏ថោកទាប បុគ្គលចូលទៅកាន់ភាព

ជាទេវតា ដោយព្រហ្មចរិយធម៌យ៉ាងកណ្តាល បុគ្គលបរិសុទ្ធ ដោយព្រហ្មចរិយធម៌ដ៏ឧត្តម ។

និង (ក្នុងអាកង្ខេយ្យសូត្រ បញ្ជាក់ភាពជាអ្នកបានលាភ) ថា

អាកង្ខេយ្យ ចេ ភិក្ខវេ ភិក្ខុ លាភី អស្សំ ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារានំ

ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញគប្បីបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជ បរិក្ខារដូច្នេះ

និងត្រាស់ថា សីលេស្វេវស្ស បរិបូរការី គួរធ្វើសីលឲ្យបរិបូណ៌ ដូច្នេះ

និង (ក្នុងទានវគ្គទៀត) ថា ឥជ្ឈតិ ភិក្ខវេ សីលវតោ ចេតោបណិធិ វិសុទ្ធត្តា ម្នាលភិក្ខុទាំងឡាយ សេចក្តីតាំងចិត្តរបស់បុគ្គលមានសីល រមែងសម្រេចបាន

ព្រោះសេចក្តីតាំងចិត្តនោះ ជារបស់បរិសុទ្ធ ។

ក៏ឯ លោកុត្តរសីល គឺជាសត្រូវនៃពួកធម៌ថោកទាបដោយប្រការទាំងពួង ហើយចាប់ពីភព ឬជាតិទី ៧ ទៅ កាលនឹងញ៉ាំងសង្សារទុក្ខឲ្យបាត់បង់ទៅ កិច្ចដទៃដែលគប្បីធ្វើក្នុងភាពដ៏ប្រសើរបែបនេះទៀតមិនមានឡើយ ។ បាទព្រះគាថា ថា បញ្ញវា បន ឧត្តមោ គឺព្រះសាស្តាទ្រង់ត្រាស់ដល់ភាវៈដ៏ប្រសើរដោយបញ្ញាមែនពិត តាមទំនងជា បុគ្គលាធិដ្ឋាន ថា ចំណែកបុគ្គលអ្នកមានប្រាជ្ញាក៏ឧត្តមដែរ គឺប្រសើរក្រៃលែងតែម្តង ។ ឥឡូវនេះ កាលទ្រង់ សម្តែងនូវភាវៈដ៏ប្រសើរនៃសីល និងបញ្ញា ដោយកិច្ច គឺផល ទើបត្រាស់ថា សីលបញ្ញាណតោ ជយំ ដូច្នេះ ។ ក៏ បទថា ជយំ គប្បីជ្រាបជាលិង្គវិបល្លាស គឺប្តូររូប ។ មួយទៀត នៅសល់ពាក្យ អហុ មួយបទទៀត ។ ជំនុំបទទាំងពីរ នោះ សព្ទថា បញ្ញាណំ ដោយអត្ថថា ការដឹងច្បាស់ បានសេចក្តីថា ជ័យជំនះលើសត្រូវ (គឺបាបធម៌) ដោយសីល និង បញ្ញា ។ ព្រោះថា តែវៀរសីលចេញ បញ្ញាក៏កើតមិនបានឡើយ ហើយបើវៀរចាកបញ្ញា សីលក៏មិនបានធ្វើកិច្ចករ បានឡើយ គឺមិនបានឲ្យសម្រេចប្រយោជន៍បរិបូណ៌ទេ បានសេចក្តីថា សីល និងបញ្ញាទាំងពីរនុ៎ះ មានឧបការៈដល់ គ្នានិងគ្នាទៅវិញទៅមក ។ ព្រោះហេតុនោះ បានជាព្រះសុគតជាសាស្តាទ្រង់ត្រាស់ទុក (ក្នុងសោណទណ្ឌសូត្រ) ថា សីលបរិធោតា បញ្ញា បញ្ញាបរិធោតំ សីលំ ប្រែថា ប្រាជ្ញា រមែងជម្រះសីលឲ្យបរិសុទ្ធ សីលសោត ក៏រមែងជំរះប្រាជ្ញាឲ្យបរិសុទ្ធដែរ ដូច្នេះ ជាការសម្តែងនូវឋានដ៏វិសេសនៃអ្នកមានសីលទាំងឡាយថា (មានជ័យ ជំនះ) ក្នុងមនុស្ស និងទេវតាទាំងឡាយ ។ ព្រោះថា សីលដ៏វិសេសវិសាលទាំងឡាយនោះ រមែងប្រព្រឹត្ត ទៅក្នុងភូមិ ទាំងនោះផង ទាំងសមាធិ ជាចំណែកនៃសីលក្នុងទីនោះ រមែងប្រព្រឹត្តទៅបានព្រោះការអធិដ្ឋានដោយបញ្ញាផង ឬ ប៉ែកនៃបញ្ញា ក៏រមែងប្រព្រឹត្តទៅព្រោះបានចម្រើនសមាធិ និងតាំងអធិដ្ឋាននូវសីលផង ។

ព្រះថេរៈកាលសម្តែងនូវព្រះធម៌ដល់ភិក្ខុទាំងឡាយនោះ បានព្យាករនូវគាថាដទៃទៀត ដោយការបំភ្លឺនូវ គុណទាំងឡាយមានសីលគុណដ៏បរិសុទ្ធវិសេសជាដើមរបស់ខ្លួន ដោយប្រការយ៉ាងនេះឯង ។

ចប់ ពណ៌នាគាថាព្រះសីលវត្ថេរ ។ 

ប្រែចាកបាលិភាសា ជាខេមរភាសាដោយៈ ភិក្ខុ ធម្មសិរី សែម ចន្ទធីរ៍ ព.ស.២៥៥៦

Comments

Popular posts from this blog

พยางค์

การที่เราเปล่งเสียงออกมาจากลำคอครั้งหนึ่ง ๆ นั้น เราเรียกเสียงที่เปล่งออกมาว่า “พยางค์” แม้ว่าเสียงที่เปล่งออกมาจะมีความหมายหรือไม่มีความหมายก็ตาม เช่น เราเปล่งเสียง “สุ” ถึงจะไม่ รู้ความหมาย หรือไม่รู้เรื่องเราก็เรียกว่า ๑ พยางค์ หากเราเปล่งเสียงออกมาอีกครั้งหนึ่งว่า “กร” จะ เป็น “สุกร” จึงจะมีความหมาย คำว่า “สุกร” ซึ่งเปล่งเสียง ๒ ครั้ง เราก็ถือว่ามี๒ พยางค์ เสียงที่เปล่ง ออกมาครั้งเดียวมีความหมาย เช่น นา หมายถึง ที่ปลูกข้าว เสียงที่เปล่งออกมาว่า “นา” นี้เป็น ๑ พยางค์ ลองดูตัวอย่างต่อไปนี้ ไร่ มี๑ พยางค์ ชาวไร่ มี๒ พยางค์ (ชาว-ไร่) สหกรณ์ มี๓ พยางค์ (สะ-หะ-กอน) โรงพยาบาล มี๔ พยางค์ (โรง-พะ-ยา-บาน) นักศึกษาผู้ใหญ่ มี๕ พยางค์ (นัก-สึก-สา-ผู้-ใหญ่) สหกรณ์การเกษตร มี๖ พยางค์ (สะ-หะ-กอน-การ-กะ-เสด) จากตัวอย่างข้างบนนี้สรุปได้ว่า พยางค์ คือ เสียงที่เปล่งออกมาครั้งหนึ่ง จะมีความหมายหรือไม่มีความหมายก็ตาม ถ้าเปล่ง เสียงออกมา ๑ ครั้ง ก็เรียก ๑ พยางค์ สองครั้งก็เรียก ๒ พยางค์ องค์ประกอบของพยางค์ พยางค์เกิดจากการเปล่งเสียงพยัญชนะ สระ และวรรณยุกต์ออกมาพร้อม ๆ กัน พยางค์ที่มี ความหมายอาจจะเป็นพยา...

How to Download and Install SQL Server

  Pre-Requisites Principally, MS SQL server requires: .Net Framework,1GB of recommended memory, and NTFS system. How to download SQL Server Setup Step 1)  Go to URL :   https://www.microsoft.com/en-in/sql-server/sql-server-downloads Microsoft provides  two specialized free editions  to work on MS SQL server: Developer  – It has all feature which MS SQL server offers but we cannot use it in production. From the learning perspective, is it an ideal candidate to start. Express : This is also a free version but with the limited set of features with no business intelligence applications. We will select the  Developer edition  for installation. Step 2)  Click on  "Download now" We will get set up as  'SQLServer2017-SSEI-Dev.exe'. How to Install SQL Server Step 1)  Double click on  "SQLServer2017-SSEI-Dev.exe".  Below screen will appear with three options: Basic, Custom and Download files. Step 2)  Choose the basic vers...

គាថាធម្មបទ៖ បកិណ្ណកវគ្គ

  ២១ .  បកិណ្ណកវគ្គ ២៩០ .              មត្តាសុខបរិច្ចាគា   ,                    បស្សេ ចេ វិបុលំ សុខំ ; ចជេ មត្តាសុខំ ធីរោ ,                  សម្បស្សំ វិបុលំ សុខំ។ បើឃើញសេចក្ដីសុខដ៏ធំទូលាយ   ព្រោះលះបង់សុខល្មមប្រមាណ   អ្នកមានប្រាជ្ញា   កាល ​ ឃើញ ​ សុខ ​ ធំទូលាយ   គប្បីលះសុខល្មមប្រមាណចេញ។ ២៩១ .              បរទុក្ខូបធានេន ,                       យោ អត្តនោ សុខមិច្ឆតិ ; វេរសំសគ្គសំសដ្ឋោ ,                   វេរា សោ ន បរិមុច្ចតិ។ ជនប្រាថ្នាសេចក្ដីសុខ   ដ...